កាលបរិច្ឆេទ: ១០ កុម្ភៈ ២០២៥ / កសិកម្ម / Author : ATH Sokren
ក្នុងឱកាសបុណ្យចូលឆ្នាំចិន សាលតាំងពិព័រណ៍ផលិតផល (Showroom) ទាំងអស់របស់ក្រុមហ៊ុនខនហ្វីរេលនៅទីក្រុងភ្នំពេញបានទទួលភ្ញៀវដែលជាអតិថិជនរបស់ខ្លួនឱ្យមកចូលរួមបុណ្យចូលឆ្នាំថ្មីឆ្នាំម្សាញ់ប្រកបដោយភាពសប្បាយរីករាយ និងយ៉ាងឱឡារិក។ ចាប់ពីថ្ងៃទី២៥ មករា រហូតដល់ថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០២៥ អតិថិជនអាចស្វែងយល់ពីផលិតផលដែលជាកំណប់មរតករបស់ខ្មែរ និងទទួលបានអាំងប៉ាវសម្រាប់អ្នកដែលត្រូវបានទទួល ក្នុងនោះមានផលិតផលមួយចំនួនរបស់ក្រុមហ៊ុនយើង។
ក្នុងឱកាសចូលឆ្នាំនេះផងដែរ នៅសាលតាំងពិព័រណ៍ផលិតផលរបស់យើងមានការរៀបចំតុបតែងពិសេសបែបចិនដើម្បីអបអរសាទរឆ្នាំថ្មី។
ឆ្នាំម្សាញ់ដែលតំណាងឱ្យភាពចាស់ទុំ និងការផ្លាស់ប្តូរ គឺជាឱកាសដ៏ល្អសម្រាប់ការរិះគិតពិចារណា និងចាប់យកឱកាសថ្មីៗ។ បើតាមការគន់គូររាសីបែបចិន ឆ្នាំម្សាញ់គឺជាឆ្នាំដែលយើងត្រូវមានភាពអំណត់ និងមានយុទ្ធសាស្រ្តដើម្បីឈានទៅសម្រេចគោលបំណងបាន ដោយប្រើបញ្ញា និងការតស៊ូអំណត់អត់ធន់។
ពិធីបុណ្យចូលឆ្នាំចិនត្រូវបានប្រារព្វធ្វើឡើងយ៉ាងទូលំទូលាយនៅប្រទេសកម្ពុជា ដោយហេតុថាតាមប្រវត្តិសាស្រ្ត មានវត្តមានជនជាតិចិនជាច្រើននៅលើទឹកដីកម្ពុជា។ កាលពីរាប់សតវត្សរ៍មកហើយ ជនជាតិចិនបានធ្វើដំណើរចំណាកស្រុកមកដល់ប្រទេសខ្មែរដើម្បីធ្វើជំនួញ ហើយបានសម្របខ្លួនរស់នៅតាមរបៀបរបបអ្នកស្រុក។ ពេលនោះហើយដែលវប្បធម៌ទំនៀមទម្លាប់ និងម្ហូបអាហារចិនបានជះឥទ្ធិពលមកលើជនជាតិខ្មែរ។ បច្ចុប្បន្ននេះ គ្រួសារខ្មែរភាគច្រើនមានជាប់សែស្រឡាយចិន និងបានបន្តប្រារព្វបុណ្យចូលឆ្នាំចិនរហូតមក។ សូម្បីតែជនជាតិខ្មែរដែលគ្មានជាប់សាច់ឈាមចិនក៏ប្រារព្វពិធីបុណ្យចូលឆ្នាំចិនដែរ ដោយមូលហេតុឥទ្ធិពលវប្បធម៌ និងសេដ្ឋកិច្ច ជាពិសេសនៅតាមបណ្តាហាង និងក្រុមហ៊ុននានា៕